រសៀលថ្ងៃសុក្រ ១៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានរតនាគារជាតិ និងជាប្រធានក្លិបបាល់បោះបុរស នារី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសំណេះសំណាលជាមួយ គ្រូបង្វឹក គ្រូជំនួយ ក្រុមកីឡាករ កីឡាការិនី ប្រមាណជា៣០រូប។
ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមប្រធានក្លិប បានវាយតម្លៃខ្ពស់ដល់គ្រូបង្វឹកបាល់បោះបុរស របស់ក្លិប ដែលត្រូវបានសហព័ន្ធជ្រើសរើសជាគ្រូជំនួយ ហើយបានសហការដឹកនាំការប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយទទួលបានចំណាត់ថ្នាក់មេដាយមាស លើវិញ្ញាសាបាល់បោះបុរស ៣នាក់ទល់នឹង៣នាក់ និងមេដាយប្រាក់ ក្នុងវិញ្ញាសាបាល់បោះបុរស ៥នាក់ទល់៥នាក់។
ឯកឧត្តមប្រធានក្លិប បានផ្តាំផ្ញើដល់ លោកគ្រូបង្វឹក និងកីឡាករ កីឡាការិនី ត្រូវបន្តហ្វឹកហាត់ ត្រៀមសម្រាប់ការប្រកួតនានា ព្រមទាំងបានឧបត្ថម្ភថវិកាមួយចំនួន ជូនដល់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនី ផងដែរ។