អំពី អគ្គនាយកដ្ឋានរតនាគារជាតិ

អគ្គនាយកដ្ឋានរតនាគារជាតិគឺជាបេឡាករនិងជាគណនេយ្យករសាធារណៈតែមួយគត់របស់រាជរដ្ឋាភិបាលកម្ពុជា។ រតនាគារជាតិ ត្រូវបានបង្កើតឡើងតាមអនុក្រឹត្យលេខ២៤ អនក្រ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៩០ ហើយបានចាប់ ដំណើរការកិច្ចប្រតិបត្តិការរបស់ខ្លួន ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ១៩៩១។ ក្នុងឆ្នាំ២០០៨ រតនាគារជាតិ ត្រូវបានរាជរដ្ឋាភិបាលតំឡើងទៅជា អគ្គនាយកដ្ឋានរតនាគារជាតិ តាមរយៈអនុក្រឹត្យលេខ ១៣៤ អនក្រ.មក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៨។ អគ្គនាយកដ្ឋានរតនាគារជាតិដឹកនាំដោយប្រធានមួយរូបជា អគ្គនាយក និងមានអគ្គនាយករង ចំនួន០៥រូបជាជំនួយការ។ អគ្គនាយកដ្ឋាន រតនាគារជាតិ មានប្រព័ន្ធចាត់តាំងឯកភាពពីថ្នាក់កណ្តាល រហូតដល់ថ្នាក់មូលដ្ឋាន។ មន្ត្រីរាជការរបស់អគ្គនាយកដ្ឋានរតនាគារជាតិ ទូទាំងប្រទេសមានចំនួនសរុបប្រមាណ ៦២៧នាក់។

នៅថ្នាក់កណ្តាលមាននាយកដ្ឋាន និងអង្គភាពចំណុះសរុបចំនួន០៩៖
១. នាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក
២. នាយកដ្ឋានចំណូលថវិកា
៣. នាយកដ្ឋានចំណាយថវិកា
៤. នាយកដ្ឋានគណនេយ្យ
៥. នាយកដ្ឋានគ្រប់គ្រងរតនាគារថ្នាក់មូលដ្ឋាននិងសរុបស្ថិតិ
៦. នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
៧. អធិការកិច្ចរតនាគារ ថ្នាក់ស្មើនាយកដ្ឋាន
៨. នាយដ្ឋានគ្រប់គ្រងសាច់ប្រាក់និងវិភាគការអនុវត្តថវិកា
៩. លេខាធិការដ្ឋាន។

នៅថ្នាក់មូលដ្ឋានមានរតនាគាររាជធានី-ខេត្តចំនួន២៥ ដែលរតនាគាររាជធានី-ខេត្តនីមួយៗមានការិយាល័យចំណុះសរុបចំនួន០៣៖
១. ការិយាល័យរដ្ឋបាលនិងបុគ្គលិក
២. ការិយាល័យគណនេយ្យថវិកាថ្នាក់ជាតិ និងសរុប
៣. ការិយាល័យគណនេយ្យថវិកាថ្នាក់ក្រោមជាតិ។

អគ្គនាយកដ្ឋានរតនាគារជាតិមានបេសកកម្មដូចតទៅៈ

- ជាបេឡាករនិងជាគណនេយ្យករសាធារណៈរបស់រាជរដ្ឋាភិបាល
- រៀបចំគោលការណ៍និងបទបញ្ជាគណនេយ្យសាធារណៈ
- កាន់កាប់និងតាមដានការអនុវត្តន៍គណនេយ្យទូទៅនិងមជ្ឈការគណនី
- ធានាតុល្យភាពទូទៅនៃគណនី
- តំរង់ទិសនិងតាមដានការអនុវត្តន៍គោលនយោបាយហិរញ្ញវត្ថុនិងបំណុលសាធារណៈ
- សហការជាមួយធនាគារជាតិនៃកម្ពុជាក្នុងការអនុវត្តន៍គោលនយោបាយរូបិយវត្ថុ
- កសាងសេចក្តីព្រាងច្បាប់សំរាប់ទូទាត់ថវិកាប្រចាំឆ្នាំ

អគ្គនាយកដ្ឋានរតនាគារជាតិមានភារៈកិច្ចដូចតទៅៈ

- គ្រប់គ្រងបេឡាថវិកាថ្នាក់កណ្ដាលថ្នាក់មូលដ្ឋាននិងថវិកាស្វយ័ត
- គ្រប់គ្រងគណនីរបស់ក្រសួងស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ គណនីប្រាក់បញ្ញើឯកជន គណនីក្រៅថវិកា និងគណនី ពិសេសរបស់រតនាគារ
- គ្រប់គ្រងប្រាក់កាសរបស់រដ្ឋមូលប័ត្ររដ្ឋនិងសញ្ញាប័ណ្ណរដ្ឋ
- ធ្វើតុល្យភាពសាច់ប្រាក់និងគ្រប់គ្រងចំណូលចំណាយថវិកាជាតិ
- រួមចំណែកក្នុងការតម្រង់ទិសការអនុវត្តគោលនយោបាយរូបិយវត្ថុ
- តម្រង់ទិសនិងតាមដានការអនុវត្តគោលនយោបាយហិរញ្ញវត្ថុនិងបំណុលសាធារណៈ
- កាន់កាប់និងតាមដានការអនុវត្តគណនេយ្យទូទៅនិងមជ្ឈការគណនី
- រៀបចំគោលការណ៍និងបិទបញ្ជីគណនេយ្យសាធារណៈ
- ធានាតុល្យភាពទូទៅនៃគណនី
- ផ្តល់សេវាដល់គ្រប់ក្រសួងស្ថាប័នថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិលើការទូទាត់ការចំណាយផ្សេងៗការបើកបៀវត្សរ៍និងការប្រមូលចំណូលស្របតាមច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ
- ធ្វើទំនាក់ទំនងជាមួយធនាគារជាតិនៃកម្ពុជាក្នុងការអនុវត្តន៍គោលនយោបាយរូបិយវត្ថុ
- ចូលរួមរៀបចំគម្រោងថវិកាជាតិប្រចាំឆ្នាំដើម្បីបញ្ចូលទៅក្នុងសេចក្តីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ
- កសាងសេចក្តីព្រាងច្បាប់សំរាប់ទូទាត់ថវិកាប្រចាំឆ្នាំ