អំពីស្ថាប័ន

អំពី អគ្គនាយកដ្ឋានរតនាគារជាតិ

អគ្គនាយកដ្ឋានរតនាគារជាតិ គឺជាបេឡាករនិងជាគណនេយ្យករសាធារណៈតែមួយគត់របស់រាជរដ្ឋាភិបាលកម្ពុជា។រតនាគារជាតិ ត្រូវបាន បង្កើតឡើងតាមអនុក្រឹត្យលេខ២៤ អនក្រ ចុះថ្ងៃទី២០ ខែ កញ្ញា ឆ្នាំ១៩៩០ ហើយបានចាប់ ដំណើរការកិច្ចប្រតិបត្តិការរបស់ខ្លួន ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ១៩៩១។ បច្ចុប្បន្ននេះ រតនាគារជាតិ ត្រូវបានរាជរដ្ឋាភិបាលតំឡើងឋានៈទៅជាអគ្គនាយកដ្ឋានរតនាគារជាតិ។ អគ្គនាយកដ្ឋានរតនាគារជាតិដឹកនាំដោយប្រធានមួយរូប ជាអគ្គនាយកនិងមានអគ្គនាយករងចំនួនបីរូបជាជំនួយការ។ អគ្គនាយកដ្ឋានរតនាគារជាតិ មានប្រព័ន្ធចាត់តាំងឯកភាពពីថ្នាក់កណ្តាលរហូតដល់ថ្នាក់មូលដ្ឋាន។ នៅថ្នាក់កណ្តាលមាន
នាយកដ្ឋាន ចំនួនប្រាំមួយ អធិការកិច្ចរតនាគារជាតិមួយមានឋានៈស្មើនាយកដ្ឋាន និងអង្គភាពគ្រប់គ្រងសាច់ប្រាក់មួយ។ នៅថ្នាក់មូលដ្ឋានមានរតនាគាររាជធានី ខេត្តចំនួន ២៤។ មន្ត្រីរាជការរបស់អគ្គនាយកដ្ឋានរតនាគារជាតិទូទាំងប្រទេសមាន ចំនួន សរុប៥៧៨នាក់។

អគ្គនាយកដ្ឋានរតនាគារជាតិមានបេសកកម្មដូចតទៅៈ

  • ជាបេឡាករនិងជាគណនេយ្យករសាធារណៈរបស់រាជរដ្ឋាភិបាល
  • រៀបចំគោលការណ៍និងបទបញ្ជាគណនេយ្យសាធារណៈ
  • កាន់កាប់និងតាមដានការអនុវត្តន៍គណនេយ្យទូទៅនិងមជ្ឈការគណនី
  • ធានាតុល្យភាពទូទៅនៃគណនី
  • តំរង់ទិសនិងតាមដានការអនុវត្តន៍គោលនយោបាយហិរញ្ញវត្ថុនិងបំណុលសាធារណៈ
  • សហការជាមួយធនាគារជាតិនៃកម្ពុជាក្នុងការអនុវត្តន៍គោលនយោបាយរូបិយវត្ថុ
  • កសាងសេចក្តីព្រាងច្បាប់សំរាប់ទូទាត់ថវិកាប្រចាំឆ្នាំ

អគ្គនាយកដ្ឋានរតនាគារជាតិមានភារៈកិច្ចដូចតទៅៈ

  • គ្រប់គ្រងបេឡាថវិកាថ្នាក់កណ្ដាលថ្នាក់មូលដ្ឋាននិងថវិកាស្វយ័ត
  • គ្រប់គ្រងគណនីរបស់ក្រសួងស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ គណនីប្រាក់បញ្ញើឯកជន គណនីក្រៅថវិកា និងគណនី ពិសេសរបស់រតនាគារ
  • គ្រប់គ្រងប្រាក់កាសរបស់រដ្ឋមូលប័ត្ររដ្ឋនិងសញ្ញាប័ណ្ណរដ្ឋ
  • ធ្វើតុល្យភាពសាច់ប្រាក់និងគ្រប់គ្រងចំណូលចំណាយថវិកាជាតិ
  • រួមចំណែកក្នុងការតម្រង់ទិសការអនុវត្តគោលនយោបាយរូបិយវត្ថុ
  • តម្រង់ទិសនិងតាមដានការអនុវត្តគោលនយោបាយហិរញ្ញវត្ថុនិងបំណុលសាធារណៈ
  • កាន់កាប់និងតាមដានការអនុវត្តគណនេយ្យទូទៅនិងមជ្ឈការគណនី
  • រៀបចំគោលការណ៍និងបិទបញ្ជីគណនេយ្យសាធារណៈ
  • ធានាតុល្យភាពទូទៅនៃគណនី
  • ផ្តល់សេវាដល់គ្រប់ក្រសួងស្ថាប័នថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិលើការទូទាត់ការចំណាយផ្សេងៗការបើកបៀវត្សរ៍
    និងការប្រមូលចំណូលស្របតាមច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ
  • ធ្វើទំនាក់ទំនងជាមួយធនាគារជាតិនៃកម្ពុជាក្នុងការអនុវត្តន៍គោលនយោបាយរូបិយវត្ថុ
  • ចូលរួមរៀបចំគម្រោងថវិកាជាតិប្រចាំឆ្នាំដើម្បីបញ្ចូលទៅក្នុងសេចក្តីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ
  • កសាងសេចក្តីព្រាងច្បាប់សំរាប់ទូទាត់ថវិកាប្រចាំឆ្នាំ

Close